អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រគល់មជ្ឈមណ្ឌសិក្សាល្អជូនអនុវិទ្យាល័យ ២ ធ្នូ ក្នុងសហគមន៍ស្នូល ខេត្តក្រចេះ

ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជា រៀបចំកម្មវិធីអបអរសាទរការបើកសម្ពោធ និងប្រគល់មជ្ឈមណ្ឌលសិក្សាល្អ ជូនអនុវិទ្យាល័យ ២ ធ្នូ នៅក្នុងភូមិ ជើងឃ្លូ ឃុំ ២ ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។

កម្មវិធីបើកសម្ពោធ និងប្រគល់មជ្ឈមណ្ឌលសិក្សាល្អ ត្រូវបានរៀបចំឡើងនាពេលព្រឹក ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ លោក Kim Kyungho នាយកគ្រប់គ្រងនៃអង្គការហ្គូដណេប៊ឺសកម្ពុជា លោក ឡាយ បូរ៉ា ប្រធានមន្ទីអប់រំខេត្តក្រចេះ លោកស្រីនាយិកា, អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស ប្រជាជនសហគមន៍ និងបុគ្គលិកអង្គការហ្គូដណេប៊ឺសកម្ពុជា សរុបមានភ្ញៀវកិត្តិយសចំនួន ៤៥៦នាក់ បានចូលរួមអបអរសាទរដល់អនុវិទ្យាល័យ ២ ធ្នូ ដែលទទួលបានការគាំទ្រយ៉ាងវិសេសវិសាលក្នុងវិស័យអប់រំ។

កម្មវិធីទាំងមូលត្រូវបានចាប់ផ្តើមដោយកិច្ចស្វាគមន៍ អមដោយការគោរពភ្លេងជាតិ និងរបាំប្រពៃណីខ្មែរ សម្តែងដោយសិស្សានុសិស្សទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់ ម្ចាស់ឧបត្ថម្ភ អង្គការហ្គូដណេប៊ឺសកម្ពុជានិងភ្ញៀវកិត្តិយសគ្រប់រូប។ បន្តដោយសេចក្តីថ្លែងការណ៍ អំពីរបាយការណ៍នៃដំណើរសាលារៀនបង្ហាញដោយលោកស្រីនាយិកា ដោយលោកស្រីបានមានប្រសាសន៍ថា អនុវិទ្យាល័យ ២ធ្នូ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០០៦ ដោយមានថ្នាក់រៀនចំនួន ៥បន្ទប់ សិស្សចំនួន ៣២១នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១១នាក់។ នាពេលនេះសាលារៀនរបស់ពួកយើង មានមជ្ឈមណ្ឌលសិក្សាល្អមួយបន្ថែមទៀត ក្រោមការគាំទ្រពីអង្គការហ្គូដណេប៊ឺសកម្ពុជា គណៈកម្មការគាំទ្រសាលារៀន និងក្រុមមនុស្សធម៌ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។

រួមជាមួយគ្នានោះផងដែរ លោក Kim Kyungho បានផ្តល់មតិសំណេះសំណាលចែករំលែកព័ត៌មានអំពីអង្គការហ្គូដណេប៊ឺស រួមទាំងគម្រោង កម្មវិធីអភិវឌ្ឍន៍ ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូសហការបានចូលរួមចំណែកក្នុងវិស័យអប់រំ។ ហើយបានចែករំលែកបន្ថែមថា មជ្ឈមណ្ឌលសិក្សាល្អ ត្រូវបានរចនាឡើងដើម្បីប្រមូលផ្តុំនូវគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ផ្តល់ថ្នាក់សិក្សាបន្ថែមជូនសិស្សានុសិស្ស រួមមានថ្នាក់ភាសាអង់គ្លេស បច្ចេកវិទ្យា និងថ្នាក់អប់រំនានាអំពីមនុស្សធម៌។ នៅក្នុងមជ្ឈមណ្ឌលសិក្សាល្អនេះ សិស្សានុសិស្សអាចមានឱកាស ស្វែងយល់អំពីចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន ក្រោមការតម្រង់ទិសរបស់គ្រូបង្គោល។ ខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នានៅក្នុងសហគមន៍ស្នួល ឱ្យចូលរួមមើលថែរក្សានិងគាំទ្រមជ្ឈមណ្ឌលសិក្សាល្អនេះ ដូចជាចូលក្នុងកម្មវិធីអប់រំ ចំណាយពេលវេលាចូលរួមកម្មវិធីស្ម័គ្រចិត្ត ឬ ចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានអំពីវត្តមានរបស់មជ្ឈមណ្ឌលសិក្សាល្អក្នុងអនុវិទ្យាល័យ ២ធ្នូនេះជាដើម។ ការរួមចំណែករបស់គ្រប់គ្នា បន្ថែមខ្លឹមសារនិងប្រសិទ្ធភាពដល់ការផ្លាស់ប្តូរល្អក្នុងសហគមន៍។

ចំណែក ឯកឧត្តម ហង់ ចាន់ឌី ក្នុងនាមជាតំណាងឱ្យខេត្តក្រចេះទាំងមូល បានសម្តែងសេចក្តីថ្លែងអំណរគុណចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា និងបុគ្គលិកការិយាល័យស្នួល សម្រាប់ការយោគយល់លើស្ថានភាពរបស់អនុវិទ្យាល័យ ២ធ្នូ ហើយការគាំទ្រក្នុងការអភិវឌ្ឍន៍បរិបទសិក្សា និងលិទ្ធភាពទទួលបានប្រព័ន្ធអប់រំប្រកបដោយគុណភាព។ ឯកឧត្តម សំណូមពរ និងលើកទឹកចិត្ត សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងជួយមើលថែរក្សាមជ្ឈមណ្ឌលសិក្សាល្អជាប្រចាំ។

* មជ្ឈមណ្ឌលសិក្សាល្អរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ជាមជ្ឈមណ្ឌលដែលមានទិសដៅអភិវឌ្ឍន៍សមត្ថភាពព័ត៌មានបច្ចេកវិទ្យា និងទំនាក់ទំនង ភាសាបរទេស និងបណ្ណាល័យ។ ក្នុងមជ្ឈមណ្ឌលនីមួយៗមាន ថ្នាក់បច្ចេកវិទ្យា ថ្នាក់ភាសាអង់គ្លេស និងបណ្ណាល័យ ដែលបំពាក់ដោយគ្រឿងបរិក្ខារថ្នាក់ សម្ភារៈសិក្សាគ្រប់គ្រាន់ និងមានគ្រូបង្គោលចាំជួយតម្រង់ទិស។

ព័ត៍មានទាក់ទង