អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុន MVL ប្រគល់មជ្ឈមណ្ឌលសិក្សាល្អនៃគម្រោង “MVL School Project #1” ជូនដល់អនុវិទ្យាល័យ អូរតាគី ក្នុងខេត្តបាត់ដំបង

ការផ្លាស់ប្តូរកំពុងកើតមានឡើង! អង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូសហការ MVL, TADA និង Onion មានគោលបំណងចង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារអប់រំទំនើបល្អ ក្នុងសាលាអនុវិទ្យាល័យ នៅក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍ស្រុកថ្មគោល (TK CDP) ដើម្បីឱ្យយុវជនបានរីករាយជាមួយការត្រៀមចូលការសិក្សាកម្រិតខ្ពស់។

កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុន MVL បានរៀបចំកម្មវិធីបើកសម្ពោធ និងប្រគល់មជ្ឈមណ្ឌលសិក្សាល្អជូនដល់អនុវិទ្យាល័យអូរតាគី ក្រោមអធិបតីភាពរបស់ឯកឧត្តម ធូ ភា អភិបាលរងខេត្តបាត់ដំបង លោក បូ វណ្ណារឹទ្ធ អនុប្រធានមន្ទីអប់រំខេត្តក្រចេះ លោក Alex Jung ប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន MVL លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា លោក ជា សម្បត្តិ អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនសហគមន៍ សរុបចំនួន ៣៩០នាក់។

បន្ទាប់ពីកិច្ចស្វាគមន៍ ការគោរពភ្លេងជាតិ ការសម្តែងរបាំប្រពៃណី លោកជាសម្បត្តិ បានឡើងថ្លែងការណ៍ អំពីវិស័យអប់រំក្នុងសហគមន៍ថ្មគោល។ បន្តដោយសេចក្តីថ្លែងអំណរគុណអំពីសិស្សានុសិស្សទាំងអស់។ សិស្សតំណាង គង់ សាមុទ្ធិត្រា បានថ្លែងថា “យើងខ្ញុំជាសិស្សានុសិស្ស មានសេចក្តីរំភើបរីករាយជាខ្លាំងដែលទទួលបានមជ្ឈមណ្ឌលសិក្សាល្អមួយនេះ។ មជ្ឈមណ្ឌលសិក្សាល្អជាទ្រព្យមានតម្លៃ ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុន MVL បានគាំទ្រសិស្សានុសិស្ស និងប្រជាជនសហគមន៍។ ពួកយើងគ្រប់គ្នានឹងគ្រប់គ្រង និងមើលថែរក្សាមជ្ឈមណ្ឌលនេះជារៀងរហូត”។

បន្ទាប់មកទៀត លោក ចាំង ដុងវ៉ុន បានសម្តែងសេចក្តីថ្លែងអំណរអរគុណចំពោះភ្ញៀវកិត្តិយសគ្រប់រូបដែលបានអញ្ជើញចូលរួមកម្មវិធីបើកសម្ពោធមជ្ឈមណ្ឌលសិក្សាល្អ និងបង្ហាញសេចក្តីស្ងប់ស្ងែងយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុន MVL, TADA, Onion សម្រាប់ភាពជាដៃគូជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា។ លោកប្រធានមានប្រសាសន៍ថា “ចាប់ពីពេលនេះតទៅ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូអនុវិទ្យាល័យអូរតាគី និងរដ្ឋាភិបាលគឺជាម្ចាស់របស់មជ្ឈមណ្ឌលសិក្សាល្អ។ អង្គការហ្គូដណេប៊ឺស នឹងបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ជាមួយខេត្តបាត់ដំបង ក៏ដូចជាស្រុកថ្មគោលផ្ទាល់។ អង្គការហ្គូដណេប៊ឺសកម្ពុជា សូមឱ្យអ្នកទាំងអស់គ្នាយោគយល់ សហការ និងបង្កើតភាពជាដៃគូជាមួយពួកយើង។ ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណចំពោះលោក Kay Woo នាយករបស់ក្រុមហ៊ុន MVL សម្រាប់ការគាំទ្រឱ្យគម្រោងនេះដំណើរការ, សូមអរគុណ!”។

កម្មវិធីបន្ទាប់ ជាប្រសាសន៍ដ៏មានខ្លឹមសារបស់លោក Alex Jung ដោយលោកបានមានប្រសាសន៍ថា “ជំនួសមុខឱ្យក្រុមហ៊ុន MVL ខ្ញុំបាទមានកិត្តិយសដែលបានមកចូលរួមកម្មវិធីថ្ងៃនេះ។ ក្រុមហ៊ុន MVL គឺជាក្រុមហ៊ុនផលិតរថយន្ត រម៉កកង់បី និងម៉ូតូអគ្គិសនី សម្រាប់ប្រជាជនកម្ពុជា។ ទស្សនវិស័យ និងបេសកកម្មរបស់យើង គឺប្រព័ន្ធអេកូចល័តប្រកបដោយសមភាព និងភាពងាយស្រួល។ ពាក្យគន្លឹះរបស់ស្ថាប័នយើងគឺ ងាយស្រួល និងសមភាព ដែលជាមូលហេតុនាំឱ្យពួកយើងសហការគាំទ្រអង្គការហ្គូដណេប៊ឺសកម្ពុជា”។ គាត់បានបន្តថា “ជូនចំពោះសិស្សានុសិស្សគ្រប់រូប ខ្ញុំបាទជឿជាក់ថាអ្នកទាំងអស់គ្នា គឺជាអ្នកកំណត់ភាពជោគជ័យ និងសុភមង្គល។ ខ្ញុំចង់ឱ្យអ្នកចងចាំថា ដំណើរសិក្សារៀនសូត្រ និងរីកចម្រើនលូតលាស់របស់អ្នក មិនមែនដើម្បីក្លាយជាអ្នកណាម្នាក់ផ្សេងនោះឡើយ ផ្ទុយទៅវិញវាគឺជាការ ចាក់សោ ស្វែងរកសក្តានុពល និងភាពដ៏អស្ចារ្យនៅក្នុងខ្លួនរបស់អ្នក។ ខ្ញុំទន្ទឹមរង់ចាំមើលអនាគតដ៏សែនរំភើបរីករាយ ដែលសិស្សានុសិស្សទាំងអស់គ្នាកសាងវាឡើងសម្រាប់ខ្លួនឯង តាមរយៈមជ្ឈមណ្ឌលសិក្សាល្អ ក៏ដូចជាទន្ទឹមរងចាំមើលការផ្លាស់ប្តូរល្អដែលគ្រប់គ្នាផ្តល់ជូនសហគមន៍របស់អ្នក”។

កម្មវិធីទាំងមូលត្រូវបានបញ្ចប់យ៉ាងបរិបូណ៌ដោយការកាត់ខ្សែបូរដាក់ប្រើប្រាស់មជ្ឈមណ្ឌលល្អជាផ្លូវការ កិច្ចប្រគល់ប័ណ្ណសសើរ ប័ណ្ណថ្លែងអំណរគុណ ការបំពាក់គ្រឿងឥស្សរិយយសជូន MVL និងអង្គការហ្គូដណេប៊ឺសកម្ពុជា ការប្រគល់វត្ថុអនុស្សាវរីយ៍ និងការចុះទស្សនកិច្ចមជ្ឈមណ្ឌលសិក្សាល្អរបស់គម្រោង MVL School Project #1 ។

* មជ្ឈមណ្ឌលសិក្សាល្អរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ជាមជ្ឈមណ្ឌលដែលមានទិសដៅអភិវឌ្ឍន៍សមត្ថភាពព័ត៌មានបច្ចេកវិទ្យា និងទំនាក់ទំនង ភាសាបរទេស និងបណ្ណាល័យ។ ក្នុងមជ្ឈមណ្ឌលនីមួយៗមាន ថ្នាក់បច្ចេកវិទ្យា ថ្នាក់ភាសាអង់គ្លេស និងបណ្ណាល័យ ដែលបំពាក់ដោយគ្រឿងបរិក្ខារថ្នាក់ សម្ភារៈសិក្សាគ្រប់គ្រាន់ និងមានគ្រូបង្គោលចាំជួយតម្រង់ទិស។

ព័ត៍មានទាក់ទង