សម្ភារសិក្សាចំនួន ៥០០ ឈុត និងសម្ភារបរិក្ខា ត្រូវបានផ្តល់ជូន សាលាបឋសិក្សា អូហ្គុរ៉ា ត្រកៀត

សម្ភារសិក្សាចំនួន ៥០០ឈុត និងសម្ភារបរិក្ខាមួយចំនួន ត្រូវបានចែកជូនដល់សិស្សានុសិស្ស និងបំពាក់នៅសាលាបឋមសិក្សា អូហ្គុរ៉ា ត្រកៀត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច តាមរយៈអង្គការហ្គូដណេប៊ឺសកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។ សម្ភារសិក្សាដែលបានចែកជូនដល់សិស្សានុសិស្សរួមមាន បិច សៀវភៅ ខ្មៅដៃ និងជ័រលុប។ ចំណែកឯសម្ភារបរិក្ខាមានដូចជា ទូរទស្សន៍សាមសុង ៥៦អ៊ីង ចំនួន ៣គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន ៤គ្រឿង ម៉ាស៊ីន បន្សុទ្ធខ្យល់ចំនួន ៦គ្រឿង ថេបប្លែត ចំនួន ៥គ្រឿង ធ្នើរដាក់សៀវភៅ ចំនួន ៥ និងសៀវភៅចំនួន ៤០០ក្បាលសម្រាប់ឲ្យសិស្សានុសិ្សអានផងដែរ។ សម្ភារបរិក្ខាទាំងនោះ ត្រូវបានបំពាក់នៅក្នុងបន្ទប់បណ្ណាល័យ បន្ទប់កុំព្យូទ័រ និងបន្ទប់ការិយាល័យរបស់សាលា។

ក្នុងពិធីប្រគល់សម្ភារសិក្សា និងសម្ភារបរិក្ខានេះ មានការចូលរួមពីលោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាមសុង អេឡិចត្រូនិច ប្រចាំប្រទេកម្ពុជា ព្រមទាំងសហការី លោក សាំង នី នាយកសាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត លោក គីម យ៉ុងហូ នាយកគ្រប់គ្រង អង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិ្សជាច្រើនអ្នកផងដែរ។

សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឆ្នាំសិក្សា ២០២១-២០២២ សាលារៀននេះមានសិស្សចំនួន ១០៣៨នាក់ (ស្រី ៦១៥) មកពីភូមិចំនួន១០ ដែលស្ថិតនៅជុំវិញតំបន់នោះ។ ដោយសារកង្វះខាតអគារសិក្សា និងបន្ទប់រៀន សិស្សត្រូវបានរៀបចំឱ្យសិក្សាលើសពី ៤០នាក់ក្នុងមួយថ្នាក់ ដែលលើសពីបទដ្ឋានអប់រំតាមការណែនាំរបស់រដ្ឋាភិបាល។ បណ្ណាល័យសាលាក៏មិនដំណើរការដែរ ដោយសារថ្នាក់រៀន និងកន្លែងទំនេរមិនអាចប្រើបាន។ ដូច្នេះហើយ សិស្សមិនអាចអាន និងរៀនបន្ថែមបានទេ។ ម្យ៉ាងវិញទៀត ក្នុងទស្សវត្សចុងក្រោយនេះទីក្រុងភ្នំពេញមានការភិវឌ្ឍន៍យ៉ាងឆាប់រហ័ស រួមជាមួយនឹងអាកាសធាតុក្តៅ ដែលនាំឱ្យមានការបំពុលខ្យល់ ធូលី និងបរិស្ថានកាន់តែធ្ងន់ធ្ងរ។ ហេតុនេះហើយ នាយកសាលា និងលោកគ្រូអ្នកគ្រូ បានស្នើឱ្យកែលម្អបរិយាកាសសាលា និងថ្នាក់រៀន ទាក់ទងនឹងការដំឡើងឧបករណ៍ជំនួយ។ ចំពោះសំណើរនេះក៏រួមបញ្ចូលផងដែរនូវការធ្វើឱ្យប្រសើរឡើងនូវបណ្ណាល័យសាលា និងការដំឡើងឧបករណ៍សិក្សាឌីជីថល ដែលអាចទាក់ទាញសិស្សឱ្យចូលចិត្តរៀន។

ដោយមានការគាំទ្រពី ហ្គូដណេប៊ឺសកម្ពុជា ថ្នាក់កុំព្យូទ័រត្រូវបានដំឡើង និងដំណើរការនៅសាលា ដើម្បីឱ្យសិស្សអាចរៀនកុំព្យូទ័របានទាំងកម្មវិធីសិក្សា និងថ្នាក់ក្រៅផ្លូវការ។ វាជាការសិក្សាជាក់ស្តែង និងបន្ថែមសម្រាប់សិស្ស ព្រោះវារួមចំណែកដល់ការកែលម្អលទ្ធផលសិក្សានាពេលអនាគត និងការប្តេជ្ញាចិត្តរបស់សិស្ស។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង អេឡិចត្រូនិច ក៏បានផ្តល់សម្ភារសិក្សាចំនួន ២៩១ឈុត ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ឫស្សីសាញ់ តាមរយៈអង្គការហ្គូដណេប៊ឺសកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ព័ត៍មានទាក់ទង