អង្គការហ្គូដណេប៊ឺសកម្ពុជា – កម្មវិធីប្រគល់សម្ភារៈឧបត្ថម្ភ, អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់សម្លៀកបំពាក់ការពារខ្លួន (PPE) កម្រិតD ជូនដល់ក្រសួងសុខាភិបាលកម្ពុជា

ពួកយើងជឿថា វិស័យសុខាភិបាលគួរទទួលបានការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ដូចគ្នាទៅនឹងវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ អង្គការហ្គូដណេប៊ឺសកម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលមានឱកាសក្លាយជាដៃគូសហការរបស់ក្រសួងសុខាភិបាលកម្ពុជា និងបានជួយប្រជាជនសហគមន៍។ ក្នុងកំឡុងពេលបំណាច់ឆ្នាំ២០២៣នេះ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពួកយើងមានឱកាសចូលរួមគាំទ្រជាជំនួយឧបត្ថម្ភ ហើយបានរៀបចំកម្មវិធីប្រគល់អំណោយទាំងអស់ជូនដល់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកតំណាងឲ្យក្រសួងសុខាភិបាលជាច្រើនរូបផ្សេងទៀត។

ដោយមានការគាំទ្រពីម្ចាស់ជំនួយ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់សម្លៀកបំពាក់ការពារខ្លួន (PPE) កំរិត D ចំនួន ៦២៨០០ ឈុត ជូនទៅកាន់វិស័យសុខាភិបាល ដើម្បីពង្រឹងកម្មវិធីគាំពារសុខភាពក្នុងប្រទេសកម្ពុជា និងដើម្បីប្រើប្រាស់ក្នុងការការពារបុគ្គលិកសុខាភិបាលក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងទីក្រុងភ្នំពេញ ពីហានិភ័យការងារ កាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាព និងជំងឺឆ្លង។

នៅក្នុងកម្មវិធី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែបញ្ជូនបុគ្គលិក ក៏ដូចជាអំណោយជាសម្ភារៈ កម្មវិធីសុខភាព និងការគាំទ្រផ្សេងៗទៀតមកកាន់ក្រសួងសុខាភិបាល មណ្ឌលសុខភាព និងប្រជាជនសហគមន៍យ៉ាងពេញលេញ។ កន្លងមកអង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែនៅក្បែរពលរដ្ឋកម្ពុជា ដើម្បីជួយគាំទ្រពួកគេឲ្យរស់នៅប្រកបដោយផាសុកភាពល្អ និងមានសុភមង្គលច្រើនជាងមុនជានិច្ច។ កន្លងមកអង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែនៅក្បែរពលរដ្ឋកម្ពុជា ដើម្បីជួយគាំទ្រពួកគេឲ្យរស់នៅប្រកបដោយផាសុកភាពល្អ និងមានសុភមង្គលច្រើនជាងមុនជានិច្ច។

ជាមួយការគោរពយ៉ាងកក់ក្តៅ និងឆន្ទៈយ៉ាងមោះមុត ដើម្បីបង្កើតសង្គមដែលមានសុភមង្គលបំផុតសម្រាប់ប្រជាជនកម្ពុជា អង្គការហ្គូដណេប៊ឺសកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាល ដែលបានផ្តល់សិទ្ធិឲ្យពួកយើងចូលរួមជាចំណែកមួយ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ហើយតែងតែផ្តល់ការសហការល្អជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា។ តាមរយៈការគាំទ្រពីសំណាក់ក្រសួងសុខាភិបាល ពួកយើងទាំងអស់គ្នាអាចអនុវត្តកម្មវិធីអភិវឌ្ឍន៍របស់ពួកយើងបានល្អប្រសើរ រហូតមកទល់សព្វថ្ងៃនេះ ។ អង្គការហ្គូដណេប៊ឺសកម្ពុជា នឹងបន្តបំពេញភារកិច្ចក្នុងការលើកកម្ពស់សុខមាលភាព សុភមង្គលរបស់សហគមន៍ ហើយបន្តបង្កើតការផ្លាស់ប្តូរល្អក្នុងវិស័យសុខាភិបាលសម្រាប់ប្រទេសកម្ពុជា។

ព័ត៍មានទាក់ទង